ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបកស្រាយទៅក្រុមប្រឆាំងថា ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ អាមេរិកគ្មាននិយាយរឿងឱ្យដោះលែង កញ្ញា សេង ធារី ឡើយ។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ ក្រោយពីលេចលឺព័ត៌មាន ថា ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ជាមួយ លោក ចូ បៃដិន នោះ អាមេរិក បន្តអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងដទៃទៀត។
នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន សម្ដេច គ្រាន់តែលើកឡើងពីបញ្ហាដោះមីននៅប្រទេសកម្ពុជា ក្រោយពីប្រទេសមួយនេះ ទទួលរងគ្រោះច្រើនពេកហើយ។
សម្ដេចតេជោ បានបញ្ជាក់ថា «សង្គ្រាមបានចប់ មីនអត់ទាន់ចប់ ហើយខ្ញុំ បានលើកបញ្ហាទាំងនឹង ជាមួយនឹង ប្រធានាធិបតីអាមេរិក ស្រាប់តែចេញឯណាដោះលែង អប្សរាក្បាលត្រងោល (សេង ធារី)។ ខ្ញុំ មិនបានលឺ ចូ បៃដិន និយាយជាមួយខ្ញុំ រឿងនឹង ព្រោះអត់លឺ ចេញទៅឯណា។ ខ្ញុំ មិនយល់ដែរ តើអ្នកអ្នកចេញព័ត៌មាននឹង? ព័ត៌មាននឹងអ្នកណាសរសេរ? បើប្រធានាធិបតីអាមេរិក អត់និយាយជាមួយខ្ញុំ រឿងនឹងផង»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ដទៀតថា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន នាពេលនោះ បានលើកឡើងអំពីបើកលំហូរ ប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះផងដែរ។ សម្ដេច បញ្ជាក់សាជាថ្មីថា បើនិយាយអំពីតួអង្គមនុស្សនេះ មនុស្សនោះ គឺគ្មានឡើយ។
សូមរំលឹកថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។ សមត្ថកិច្ច ចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លើសពីនេះ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ៕