ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងជំនួបរវាងសម្តេច ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជានាពេលថ្មីៗនេះ មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក ឱ្យវិលត្រឡប់មកកម្ពុជាវិញ។
នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា មានកិច្ចព្រមព្រៀងជាមួយអាមេរិកអស់ជិត ២០ឆ្នាំមកហើយ ក្នុងការបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក ត្រឡប់មកកម្ពុជាវិញ។
សម្ដេចតេជោ បញ្ជាក់ថា «រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ហើយត្រូវបញ្ជូនមកស្រុកខ្មែរ ខ្ញុំ បានស្នើសុំថា ឥឡូវចេះ កុំឱ្យពិបាកអនុវត្តនូវអនុសារៈឆ្នាំ២០០២ តែម្ដងទៅ រួចហើយសម្ភាសន៍តាមអនឡាញក៏បាន សម្ភាសន៍ផ្ទាល់ក៏បានដែរ។ អ្វីដែលខ្ញុំ សូមកុំឱ្យជនជាតិបរទេស មកស្រុកខ្មែរ»។
សម្តេចតេជោ បន្ដថា អាមេរិក ជាប្រទេសឈានមុខគេ ក្នុងការនាំវត្ថុបុរាណរបស់កម្ពុជា វិលត្រឡប់មកមាតុប្រទេសវិញ។ សម្ដេច ថា លោក ចូ បៃដិន បានសន្យាថា វត្ថុបុរាណនោះអាចមាននៅ សេសសល់ថែមទៀតនៅអាមេរិក លោកនឹងប្រឹងប្រែងបន្ថែមទៀត ក្នុងការនាំវត្ថុបុរាណខ្មែរត្រឡប់មកវិញ ផងដែរ។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ក្នុងជំនួបនោះដែរ លោក ចូ បៃដិន សង្កេតឃើញសិល្បៈបុរាណរបស់ខ្មែរ ហើយចោទសួរថា សំលៀកបំពាក់នេះ មានតាំងពីសម័យណា។ សម្តេច ក៏បានឆ្លើយតបវិញថា សំលៀកបំពាក់នេះ គឺយកចេញពីសិលាចារិក តាមប្រាសាទនានា ហើយមានអាយុកាលជាង ១ពាន់ឆ្នាំ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមីន កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត និងក្រុមការងាររៀបចំផែនការ សកម្មភាពមីនសម្រាប់កិច្ច សហការ និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេច បានសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ៕