ភ្នំពេញ៖ សត្វកែះមួយក្បាលត្រូវបានជួយសង្គ្រោះ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃ ដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋ ក្រោយជាប់អន្ទាក់របស់ព្រានព្រៃ និងដេញចាប់ប្រផាប់ប្រភីង ដោយក្រុមព្រានព្រៃ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២២ វិច្ឆិកា នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា «សត្វកែះនេះ បានធ្លោះចង្កេះ របួសជើង និងសន្លប់ ក្រោយធ្លាក់ពីលើជ្រោះហើយ ក្រុមព្រានបានរត់គេចខ្លួន។ សត្វកែះនេះកំពុងត្រូវបានថែរក្សា ការពារដោយមន្ត្រីឧទ្យានរុក្ស។ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា នេះ ក្រុមអ្នកជំនាញពេទ្យសត្វ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បាននិងកំពុងធ្វើដំណើរទៅជួយសង្គ្រោះ សត្វកែះមួយក្បាលដែលរងរបួសនេះ»។
លោកបន្ដថា សត្វកែះជាប្រភេទសត្វកម្រ នៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថា មានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវ ទិន្នន័យមួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជា ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល។ លោកបន្ថែមថា ក្រុមអ្នកស្រាវជ្រាវមិនទាន់មានទិន្នន័យ ពិតប្រាកដពីចំនួនសត្វកែះ ដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែសត្វកែះនេះមានដង់ស៊ីតេ រស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។
លោករដ្ឋលេខា បន្ថែមថា បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ។
លោកបានគូសបញ្ជាក់ដែរថា ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជរបស់សត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរបស់វារស់នៅជាមួយមេវាស្ទើរពេញ ១ ឆ្នាំទើបចាកចេញ៕