ព័ត៌មានជាតិ

ពីខេត្តសៀមរាប កម្ពុជា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ជួបជាមួយសមភាគីអាមេរិក និងអូស្ត្រាលី

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា លោក Rajnath Singh នៅថ្ងៃអង្គារ បានជួបសមភាគីអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ លោក Singh បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Richard Marles នៅកម្ពុជា។

យោងតាមសារព័ត៌មាន The Print ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងអូស្ត្រាលី។ ជាការកត់សម្គាល់, លោក Rajnath Singh បានមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិឥណ្ឌា-អាស៊ាន និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៩ (ADMM Plus)។

លោក Rajnath Singh បាននិយាយនៅក្នុង Twitter ផ្លូវការរបស់លោកថា “ការពិភាក្សាដ៏ស៊ីជម្រៅជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលី លោក RichardMarlesMP ស្តីពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងឥណ្ឌា និងអូស្ត្រាលី នៅខេត្តសៀមរាប ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ដោយចែករំលែកព័ត៌មានលម្អិតទាក់ទងនឹងជំនួបរបស់លោកជាមួយ Rajnath Singh , លោក Richard Marles វិញក៏ បាននិយាយនៅក្នុងធ្វីតធឺថា ពួកគេបានពិភាក្សាអំពីមហិច្ឆតារួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរ និងពិនិត្យមើលការរីកចម្រើននៃភាពជាដៃគូការពារជាតិនៅឆ្នាំ ២០២២។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin។ លោក Singh បានសរសេរថា “រីករាយដែលបានជួបរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd J. Austin នៅខេត្តសៀមរាប”។ លោកក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ Peeni Henare នៅកម្ពុជាផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top