នយោបាយ

ឥណ្ឌា បង្ហាញការគាំទ្រ​​ យ៉ាងពេញទំហឹង ចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគត

ភ្នំពេញ៖ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត ។

ការថ្លែងគាំទ្ររបស់ប្រមុខការពារជាតិឥណ្ឌា បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី២២ វិច្ឆិកា ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។

ថ្លែងក្នុងកិច្ចជំនួបនេះ លោក រចនា ស៊ីង បានលើកទ្បើងអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្រ កម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត។

ជាការឆ្លើយតបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងកាលៈទេសៈលំបាក ចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាព រហូតក្លាយជាភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ មកកម្ពុជាផងដែរ។

នៅលើមូលដ្ឋាននៃទំនាក់ទំនងល្អ ជាប្រវត្តិសាស្រ្តនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងមេទ័ពជើងគោកកម្ពុជា ក៏បានវាយតម្លៃខ្ពស់អំពីភាពចាំបាច់ នៃការពង្រឹងនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ដោយត្រូវបន្តថែរក្សាឱ្យបាន ស្ថិតស្ថេរយូរអង្វែងតទៅ ។

សូមរំលឹកថា ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ វិច្ឆិកា លោក Jagdeep Dhankha អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះមហាក្សត្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ៕

To Top