ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា មានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាង កម្ពុជា-ម៉ារ៉ុ កឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត។
នាឱកាសទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភាម៉ារ៉ុក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានរំលឹកអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសប្រទេសម៉ារ៉ុកមានអារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចជាប្រទេសជិតខាងជាប់កម្ពុជា។
សម្តេច ប្រធាន បានគូសបញ្ជាក់ថា «ព្រឹទ្ធសភាកម្ពុជាមានបំណងចង់ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការរវាងសភាកម្ពុជា ជាមួយសភាម៉ារ៉ុក ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភាម៉ារ៉ុកឱ្យកាន់តែស៊ីជម្រៅ និងមានលទ្ធផលជាក់ស្តែងក្នុងពេលអនាគត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត បង្កើនកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ការងារ និងការបណ្តុះបណ្តាលជំនាញសភា និងការជួយគាំទ្រគ្នាលើកិច្ចសហប្រតិបតិ្តការអន្តរសភា ជាពិសេសក្របខ័ណ្ឌ IPU, AIPA, APF និងវេទិកាសភាតំបន់និងអន្តរជាតិដទៃទៀត»។
ឆ្លៀតឱកាសនោះដេរ លោកប្រធានរដ្ឋសភាម៉ារ៉ុក បានអះអាងថា ប្រទេសម៉ារ៉ុកតែងតែចាត់ទុកប្រទេសកម្ពុជា ជាតំណាងឱ្យប្រទេសម៉ារ៉ុកនៅអាស៊ីអាគ្នេយ៍ និងប្រទេសម៉ារ៉ុកជាតំណាងឱ្យប្រទេសកម្ពុជានៅតំបន់អាហ្រ្វិក។
លោកប្រធានរដ្ឋសភាម៉ារ៉ុក បានគូសបញ្ជាក់ថា សភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ នាពេលអនាគត លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះ ប្រទេសទាំងពីរអាចបង្កើតឱ្យមានស្ថានតំណាងម៉ារ៉ុក ប្រចាំកម្ពុជា និងស្ថានតំណាងកម្ពុជា ប្រចាំម៉ារ៉ុក ផងដែរ៕