ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋ ៤០០ គ្រួសារ ក្នុងស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងប្រតិភូអមដំណើរ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញចែកស្បៀងអាហារ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយការបាក់ស្រុត ច្រាំងទន្លេចំនួន ៤០០ គ្រួសារ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃុំផ្ទះកណ្ដាល នៅចំនុចច្រាំងទន្លេភូមិផ្ទះកណ្តាលក្រោម ច្រាំងទន្លេបានបាក់ស្រុត មានបណ្តោយប្រវែង ៣៥០ ម៉ែត្រ មានទំហំច្រាំងបាក់ស្រុតប្រវែង ៤ ម៉ែត្រ និងជម្រៅបាក់ ចូលក្នុងទឹក១០ម៉ែត្រ មានផ្ទះប្រជាពលរដ្ឋ បានបាក់ស្រុតចូលក្នុងទន្លេ ១ខ្នង ផ្ទះប្រជាពលរដ្ឋរុះរើភ្លាមៗ មានចំនួន ៦ខ្នងផ្ទះ ផ្ទះប្រជាពលរដ្ឋប្រឈម ការរុះរើមានចំនួន ៥២ខ្នងផ្ទះ ស្មើ ៥៨គ្រួសារ ។ ហើយនៅថ្ងៃនេះ មានប្រជាពលរដ្ឋ ដែលបានមកទទួលអំណោយ មានចំនួន ៤០០ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុត ច្រាំងទន្លេផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ ផងដែរថា មួយរយៈកន្លងមកនេះ គ្រោះធម្មជាតិ បានធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋយើងយ៉ាងច្រើន ។ ជាមួយគ្នានេះប្រទេសជិតខាងក៏ជួបប្រទះរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ ដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម ។ ជាក់ស្ដែងចំពោះខេត្តកំពង់ចាម គឺមានប្រជាពលរដ្ឋយើងរងគ្រោះដោយសារការបាក់ច្រាំងទន្លេ ដោយសារទឹកជំនន់ជាច្រើនគ្រួសារ នឹងខ្លះបានសម្រេចចិត្ត រើផ្ទះចេញពី តំបន់គ្រោះថ្នាក់ រកទីសុវត្ថិភាព ក្នុងនោះមានប្រជាពលរដ្ឋ ដែលរស់តាមតំបន់ដងទន្លេដូចជា នៅក្នុងស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរនេះជាដើម ដែលប្រការនេះអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា កំពុងមមាញឹកធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា មួយរយៈកន្លងទៅនេះដែរ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចែកស្បៀងអាហារ ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសប្រជាពលរដ្ឋ រស់នៅជុំវិញបឹងទន្លេសាប ដែលរងគ្រោះដោយសារទឹកជំនន់ ។ ទន្ទឹមនឹងនេះ នៅក្នុងខេត្តកំពង់ចាម សម្ដេចតេជោបានផ្ដល់អំណោយ ជាស្រូវពូជរាប់រយតោន និងអង្កររាប់រយតោនផងដែរ ដើម្បីចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយជីវភាព និងផ្ដល់ស្រូវពូជ ដើម្បីធ្វើការដាំដុះស្ដារជីវភាព ឡើងវិញផងដែរ ៕

To Top