ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលកណ្តាល នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានដឹកនាំ សមាជិក សមាជិកា ស្នាក់ការកណ្តាល រួមមាន លោកស្រី កែវ សេដា សមាជិកា និងលោកអ៊ូ ពេជ្រសុធា សមាជិក នាំយកថវិកាសរុបចំនួន $១,៥៧០ (មួយពាន់ ប្រាំរយចិតសិប ដុល្លារសហរដ្ឋអាមេរិក) ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនក្មួយស្រីឈ្មោះ ផន ចិន្តា អាយុ០៧ឆ្នាំ រស់នៅក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយត្រូវបានឪពុកបង្កើតប្រើអំពើហិង្សាយ៉ាងឃោឃៅមកលើខ្លួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
បច្ចុប្បន្ននេះ ក្មួយស្រីកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ក្រោមការយកចិត្តទុកដាក់យ៉ាងដិតដល់ពីសំណាក់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យនៅទីនោះ។
ជំនួសមុខអោយគ្រួសារក្មួយស្រីខាងលើ លោកស្រី នួន ធី ត្រូវជាអ៊ំស្រី ក្មេងស្រីរងគ្រោះ បានគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលតែងតែគិតគូរជួយដល់ពលរដ្ឋដែលមានជីវភាពលំបាក និងងាយរងគ្រោះ ហើយលោកស្រីក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងសមាជិក ច.យ.ក (ក.១៥៧) ទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕