ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលេីកចិត្តឱ្យប្រទេសម៉ារ៉ុក ពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនរវាងប្រទេសទាំងពីរ។
នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Rachid Talbi El Alami ប្រធានរដ្ឋសភាម៉ារ៉ុក នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិនឱ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំង២ ផងដែរ នាពេលខាងមុខ”។
លោក Rachid បានសម្ដែងនូវការគោរពវាយតម្លៃខ្ពស់ ជាមួយការអបអរសាទរជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើនសម្រាប់តំបន់ ។
លោក Rachid ក៏បានសម្ដែងសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណងចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងបានមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារ៉ុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួនទៅជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជាយើងអាចជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាននាំទៅដល់ដំណើការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត៕