នយោបាយ

ប្រធានអាយប៉ា បង្ហាញចំណុច ជោគជ័យធំៗ ចំនួន៥ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើម្ចាស់ផ្ទះ

ភ្នំពេញ ៖ មហាសន្និបាត អាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយជោគជ័យ នៅក្នុងការពង្រឹងយន្តការសភា ក្នុងការចូលរួម ចំណែកដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាព ពលរដ្ឋ ប្រកបដោយចីរភាព និង ដោះស្រាយបញ្ហានា នាជូនពលរដ្ឋទាំង នៅក្នុងតំបន់ និងសកលោក ។

ថ្លែងក្នុងពិធីបិទ មហាសន្និបាតនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាយប៉ា លើកទី៤៣ បានលើកឡើង នូវចំណុចសំខាន់ៗចំនួន៥ ដែលជាលទ្ធផល នៃមហាសន្និបាត ។
លទ្ធផលសំខាន់ទាំង៥នោះ គឺមហាសន្និតបាតលើកទី៤៣នេះ គឺលទ្ធផលទី១.អាយប៉ាបានទទួល យកសមាជិកសភា សង្កេតការណ៍ថ្មី បន្ថែមចំនួន៤។ លទ្ធផលទី២ គឺអាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិង រវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ ។ លទ្ធផលទី៣ មហាសន្និបាតបានអនុម័តនូវសេ ចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម ។ ចំណែកចំណុចទី៤ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាយ៉ាងរឹងមាំ ។
លទ្ធផលចុងក្រោយ ដែលជាចំនុចទី៥ គឺអាយប៉ាបានបង្ហាញច្បាស់ ពីគោលការណ៍នៃការប្រឹក្សាយោបល់  និងការធ្វើសេចក្តីសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន ។

សូមជម្រាបថា  អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិក អាស៊ាន តំណាងឱ្យប្រជាពលរដ្ឋ នៃតំបន់អាស៊ីអាគ្នេយ៍ ៦៥០លាននាក់។ អាយប៉ាជាតំណាង ឱ្យឆន្ទៈនិង ផលប្រយោជន៍ នៃប្រជាពលរដ្ឋបានដើរ តួនាទីដ៏សំខាន់ ក្នុងការសម្រេចបាន នូវសហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និង យកប្រជាពលរដ្ឋជាគោល ។

សម្តេចហេង សំរិន បានមានប្រសាសន៍ថា អាយប៉ាអាចជួយកសាង សហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យ លើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹង គោលនយោបាយជាតិ និងផែនការសកម្មភាព នៃប្រទេសរបស់ខ្លួន ហើយតាមរយៈលទ្ធផលមហាសន្និបាតនាពេលនេះ នឹងត្រូវបានយកទៅអនុវត្តចេញ ជាសកម្មភាពជាក់ស្តែង។ សម្តេចប្រធានអាយប៉ា លើកទី៤៣ មានក្តីសង្ឃឹមថាមហាគ្រួសារអាយប៉ាទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបម្រើផល ប្រយោជន៍ប្រជាពលរដ្ឋ ក្នុងតំបន់ និងសកលោក។
សូមជម្រាបថា មុនពីធីបិទ មហាសន្និបាតលើកទី៤៣ ប្រធានគណៈប្រតិភូសមាជិកអាយប៉ា ដែលបានចូលរួមមហាសន្និបាត បានអញ្ជើញចុះហត្ថលេខា លើរបាយការណ៍រួម នៃមហាសន្និបាត (Joint Communique) ។ ហើយក្នុងនាមជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត សភាកម្ពុជា បានផ្តល់គ្រឿង ឥស្សរយស ព្រះរាជាណាចក្រកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអាយប៉ាមួយចំនួន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាយប៉ា ដែលបានបំពេញ ភារកិច្ចយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ អាយប៉ា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឲ្យមហាសន្និបាតលើកទី៤៣ បានដំណើរការមកប្រកបដោ យជោគជ័យរហូត ដល់ពេលបិទបញ្ចប់នេះ ។

ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាពនិងភាពស្និទ្ធ ស្នាលបំផុត បន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងជាប្រធានអាយប៉ា លើកទី៤៤ ជូនដល់ លោកជំទាវ Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ផងដែរ៕

To Top