ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាត ឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូល ទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ ។
ក្រសួងបញ្ជាក់ថា ការដាក់ឲ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” នៅកម្ពុជា បន្ទាប់ពីមានផ្អាកការផ្ដល់សេវា រកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ។ ពាក់ព័ន្ធបញ្ហានេះ ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះ ជូនអ្នកផលិតមាតិកា YouTube របស់យើង ។
ក្រសួងប្រៃសណីយ៍ នឹងបន្តសហការ ជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូ នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធី បណ្ដុះបណ្ដាល ដល់អ្នកផលិតមាតិកាដូច ដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាព ក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញ ដល់បរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។
ទន្ទឹមនឹងនេះដើម្បីជំរុញ ការអប់រំឌីជីថលក្រសួង បានលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មាន លម្អិតតាមគេហទំព័រ www.godigital.gov.kh ៕