កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្ត បានទាក់ទាញអ្នកវិនិយោគធំតូច និងបានសាងសង់រោងចក្រ មានចំនួន ២៤ កន្លែងនៅក្នុងមូលដ្ឋាន អាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣៦,០៤៧នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុង កិច្ចប្រជុំប្រកាសផ្សព្វផ្សាយ លទ្ធផលបឋមផលិតផលក្នុងស្រុកសរុប GDP និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណពីរ ទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាលំដាប់ ។ ជាក់ស្ដែងខេត្តកំពង់ចាម មានហេដ្ឋារចនាសម្ព័ន្ធរូវ័ន្ត មានការរីកចម្រើនដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ សួនច្បារសាធារណៈ វត្តអារាម និង វិស័យឯកជន ជាពិសេសរង្វង់មូល វិមានឯករាជ ដែលជាតំបន់ទេសចរដ៏សំខាន់ សម្រាប់ហាត់ប្រាណ និងធ្វើដំណើកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ដោយឡែករដ្ឋបាលខេត្តកំពង់ចាម ក៍បានទាក់ទាញអ្នកវិនិយោគធំតូច បានសាងសង់រោងចក្រមានចំនួន ២៤ មូលដ្ឋាន ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ អាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣៦,០៤៧ នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងកំណើន សេដ្ឋកិច្ចរបស់ខេត្តផងដែរ។
លទ្ធផលគណនេយ្យជាតិ សម្រាប់ថ្នាក់ខេត្ត គឺជាឯកសារគន្លឹះដែលជាមូលដ្ឋានសម្រាប់អនុវត្តសកម្មភាពអាទិភាពសំខាន់ៗ ស្របតាមគោលនយោបាយ ដែលមានសន្តិភាពជាមួយ នឹងគោលដៅអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្ត និងជាពិសេសជាង នេះទៅទៀត គឺដើម្បីចូលរួមសម្រេច បាននូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕