ព័ត៌មានជាតិ

ព្រឹត្តិការណ៍កីឡា បាល់ទាត់ពិភពលោកឆ្នាំនេះ គ្មានផ្សែងថ្នាំជក់ និង គ្មានគ្រឿងស្រវឹង

ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០២២នេះ ក្នុងប្រទេសកាតា គឺជាព្រឹត្តិការណ៍កីឡា គ្មានផ្សែងថ្នាំជក់ (Smoke-free) និងគ្មានគ្រឿងស្រវឹង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០២២ បានឱ្យដឹងទៀតថា «ថ្នាំជក់ បារីអេឡិចត្រូនិក(វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍បាល់ ទាត់ពិភពលោក ដែលប្រារព្ធ នៅប្រទេសកាតាឆ្នាំនេះ»។

ប្រភពដដែល បន្ដថា ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាព ជាដៃគូពិសេសរវាងសហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាព ពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយ ជាមួយខ្យល់អាកាស គ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អ ដែលមិនបង្កដោយការ ប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍ មួយនេះប្រកបដោយ សុខុមាលភាពល្អនិងសុវត្ថិភាព។

លើសពីនេះ វិធានការហាមឃាត់ខាងលើនេះ គឺស្របតាមអនុសាសន៍របស់អង្គការ សុខភាពពិភពលោក សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណង ការពាសិទ្ធិរបស់មនុស្សក្នងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុល ដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ។

អ្នករៀបចំការប្រកួតបានចាត់វិធានការ ជាគោលដៅដើម្បីធានាថា អ្នកគាំទ្រអាចរីករាយនឹងការប្រកួត ដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗ ពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេស របស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រងថ្នាំជក់ បាននិយាយថា «ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយផលិតផល ថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់។ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតា ក្នុងឆ្នាំ២០២២ ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយ ដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំ ជក់ជាសកលទៅកាន់កម្រិតថ្មីមួយ» ។

ចំណែកគ្រឿងស្រវឹងវិញ ប្រធាន FIFA លោក GIANNI INFANTINO បាននិយាយថា «ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹង ក្នុងបរិវេណកីឡាដ្ឋាន មិនមែនមានតែនៅប្រទេសកាតា ប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿង ស្រវឹងក្នុងបរិវេណ កីឡាដ្ឋាន»។

យោងតាមអង្គការសុខភាព ពិភពលោក បានបញ្ជាក់ថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុត ដែលបានសម្លាប់មនុស្សជុំវិញ ពិភពលោក ៧លាននាក់ក្នុងមួយឆ្នាំ ពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង១.២លាននាក់ទៀត ពីផលប៉ះពាល់នៃផ្សែងថ្នាំជក់ ៕

To Top