ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
នាឱកាសនោះ សម្តេច ស ខេង បានរំលឹកថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្នប្រទេសកម្ពុជា បាននឹងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូច្នេះ គ.ស.ច.គ ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀត។
សម្ដេច បន្ដថា ដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង ប៉ុន្តែតាមការពិនិត្យពិភាក្សាគឺត្រូវធ្វើវិសោធនកម្មចំនួន ៤៧មាត្រា លើ៩០មាត្រា ដោយគិតឃើញថាមាត្រាដែលត្រូវធ្វើវិសោធនកម្មស្ទើតែទាំងស្រុងនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។
លើសពីនេះ សម្ដេច ស ខេង ក៏បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងក្រុមការងារក្រុមការងារសិក្សា និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការគ្នាធ្វើការសិក្សារៀបចំ និងកែសម្រួលនូវឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ពេលចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការមានភាពគ្រប់ជ្រុងជ្រោយល្អប្រសើរស្របតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន៕