ព័ត៌មានជាតិ

មេឃុំព្រៃឈរ ប្ដេជ្ញារៀបចំដាក់អំពូលអគ្គិសនីបំភ្លឺពេលយប់ គ្រប់ទីកន្លែងក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម ៖ លោក មែ សោភ័ណ មេឃុំព្រៃឈរទើបចូលកាន់តំណែងថ្មី បានផ្ដាជ្ញារៀបចំដាក់បង្គោលភ្លើងបំភ្លឺពេលរាត្រី គ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអាណត្តិកាន់តំណែង ។

លោកមេឃុំព្រៃឈរបានអះអាងដូច្នេះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងាររបស់លោកបានរៀបចំបង្គោលដាក់អំពូលភ្លើងបំភ្លឺពេលរាត្រី ក្នុងឃុំព្រៃឈរ បានប្រមាណជា ៤០ % ហើយ កំពុងបន្តរៀបចំបន្ថែមទៀត ។

លោក មែ សោភ័ណ បានបញ្ជាក់ទៀតថា ក្នុងអាណត្តិ ដែលលោកកាន់តំណែងជាមេឃុំព្រៃឈរ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺលោក អនុវត្តតាមចក្ខុវិស័យទាំង ៤ របស់រាជរដ្ឋាភិបាល គឺផ្លូវ ទឹក ភ្លើង មនុស្ស ។ ដូច្នេះ ក្នុងមូលដ្ឋានឃុំព្រៃឈររបស់លោក ចង់ឱ្យមានផ្លូវរួចហើយ ត្រូវមានភ្លើងបំភ្លឺពេលរាត្រីផងដែរ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានទទួលអគ្គិសនីបំភ្លឺផ្លូវ គ្រប់ទីកន្លែងក្នុងមូលដ្ឋានដើម្បីជាសុវត្ថិភាព និងភាពងាយស្រួលធ្វើដំណើរនៅពេលយប់ ពិសេសជាងគេ គឺកម្មករ-កម្មការិនី ដែលពួកគាត់ចេញពីធ្វើការនៅពេលយប់តែម្តង ។

លោកមេឃុំព្រៃឈរ បានបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងសមិទ្ធផលទាំងអស់នេះ គឺខាងលោក មានផែនការច្បាស់លាស់ និងបានធ្វើការស្នើសុំជំនួយពីសប្បុរសជន ។ ហើយរយ:ពេល ៥ ខែ កន្លងមកនេះ ថវិកាដែលសប្បុរសជនបានជួយ សរុបជាង ១ម៉ឺន ៤ពាន់ ដុល្លារ ដោយគិតជាបង្គោលភ្លើងបានជាង ១០០ ដើមហើយ ដែលបច្ចុប្បន្នក្រុមការងារ បានដាក់បង្គោលភ្លើងនោះ បាន ៤០ % និងកំពុងបន្តដាក់ថែមទៀតផងដែរ ៕

To Top