ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន រៀបចំតូច តែយកទម្រង់ ដូចកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) នឹងរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។

នេះជាការលើកឡើង របស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួច រាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។

លោកបន្តថា វេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នា ធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

បន្ថែមពីនេះ លោកថា ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ វេទិកានេះគឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវ ត្តន៏ល្អៗ ក៏ដូចជាទស្សនះរបស់ពួកគាត់សំរាប់ការកសាងសហគមន៏អាស៊ាន។

គួរឲ្យដឹងថា តាមការបញ្ជាក់ របស់លេខាធិការដ្ឋាន នៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម៕

To Top