ស្វាយរៀង ៖ លោក សុខា រ៉ាម អភិបាលរង ខេត្តស្វាយរៀងបានថ្លែងថា យោងតាមស្ថិតិចុងក្រោយ របស់ UNAIDS មនុស្សជាង ៣៨លាននាក់ កំពុងរស់នៅ ជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០លាននាក់ បានស្លាប់ ដោយសារជំងឺ ដែលទាក់ទងនឹង ជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើម នៃការរីករាលដាល នៃមេរោគអេដស៍ ។ ខណៈមនុស្សរាប់លាននាក់ សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាល ដោយថ្នាំប្រឆាំង មេរោគេអដស៍ ។

ការថ្លែងបែបនេះ របស់អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោក តំណាងអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរទិវា ពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ រក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍“ មិនទាន់បញ្ចប់ទេ នាព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះមានការចូលរួម ពីលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគលោកវេជ្ជឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីដែលពាក់ព័ន្ធចំនួន៦៥០ផងដែរ។

លោកអភិបាលរងខេត្តបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម រកមេរោគអេដស៍ ដោយរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្ត ទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ហើយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀង ទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការ ចម្លងមេរោគអេដស៍ និងមេរោគស្វាយ ពីម្តាយទៅទារកផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឲ្យដឹងថា ឆ្នាំនេះ មូនិធិថែរទាំសុខភាពអេដស៍ (AHF) ប្រារព្ធទិវាពិភពលោក អេដស៍ឆ្នាំ ២០២២ ក្រោមប្រធានបទ “មិនទាន់បញ្ចប់ទេ” ដើម្បីរំលឹកដល់មេដឹកនាំ ពិភពលោក ស្ថាប័នសុខភាព សាធារណៈពិភពលោក និងសង្គមស៊ីវិល ថាការងារជាច្រើននៅតែមាន ប្រសិនបើយើងធ្វើ មួយថ្ងៃបញ្ចប់ការរីករាលដាល នៃជំងឺអេដស៍។
របាយការណ៍បង្ហាញថា ពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការកាត់បន្ថយការឆ្លងថ្មី និងអត្រាមរណៈ ។
លោកបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធ និងអ្នកតស៊ូមតិក្នុងប្រទេសទាំងអស់ បង្កើនកិច្ចខិតខំប្រឹង ប្រែងការពារ ការធ្វើតេស្ត និងការព្យាបាល មេរោគអេដស៍ នៅទូទាំងពិភពលោក ដើម្បីពន្យឺតអត្រាឆ្លង មេរោគអេដស៍ថ្មី ដែលកំពុងកើន ឡើងយ៉ាងឆាប់រហ័ស និងការពារសមិទ្ធផល ដ៏មានតម្លៃដែល យើងបានធ្វើកន្លងមក ។ យើងបានជោគជ័យ ជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍យើងត្រូវតែថែរក្សាសមិទ្ធផលពី ពេលនេះតទៅទៀត ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំ ជាងគេបំផុត នៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការ កំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់ មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេស ទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម ៕
