ព័ត៌មានជាតិ

សម្តេចតេជោ កោតសរសើរមន្ត្រីរាជការរួមគ្នាទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់បានរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានបង្ហាញនូវក្តីរីករាយ បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀត។

សម្តេចតេជោ ក៏បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅនេះ។

សម្ដេចតេជោបញ្ជាក់ថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម»៕

To Top