ព័ត៌មានជាតិ

ផែនការជាតិ សុវត្ថិភាព ចរាចរណ៍លើកទី២ ជាផែនទីបង្ហាញផ្លូវ កាត់បន្ថយអ្នកស្លាប់ និងរបួស

ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ផែនការជាតិ ទសវត្សរ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី២ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ គឺជាផែនទីបង្ហាញផ្លូវលើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំឆ្លង សេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ស.ច.គ) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកស្រី មឹន មាណវី បានបញ្ជាក់ថា ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ គឺជាផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ ដល់២០២១ ដែលបានអនុវត្តរួច។

លោកស្រី បានឱ្យដឹងថា «ជារួមផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមគោលដៅដែលបានកំណត់»។

លោកស្រី បន្ដថា ផែនការជាតិ ទស្សវត្សរ៍នេះក៏ជាឧបករណ៍ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាព ពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។

លើសពីនេះ លោកស្រី បានលើកឡើងថា ផែនការនេះក៏បានសម្របសម្រួលទៅ តាមផែនការសកម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ ស្តីពីចរាចរណ៏ផ្លូវគោក និង ស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿន របស់ជាតិលើគ្រប់វិស័យ និងពិសេសវិស័យ ដែលពាក់ព័ន្ធនឹងសកម្មភាព ចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗ នៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា៕

To Top