ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលបានស្នើ និងសំណូមពរ ឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ ពិសេសគឺ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណវត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅថ្ងៃទី២៩ វិច្ឆិកា ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណើដោយផ្ទាល់មាត់ ចំនួន១៥នាក់ និងសំណើជាលាយលក្ខណ៍អក្សរជាច្រើន បញ្ហាទៀតផងដែរ ។ ចំពោះ សំណួរនិងសំណើផ្ទាល់មាត់រួមមាន៖ ការស្នើអោយអាជ្ញាធរ ជួយស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន មកឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិក្រាំងស្លឹក សង្កាត់កន្តោក ។ ការស្នើសុំជួយអន្តរាគមន៍ ពីអ្នករត់ការលើប្លង់ដី អស់លុយ២៩០០ដុលារ និងប្រើពេល១០ខែហើយ មិនទាន់បាន ការសុំបើកផ្លូវ ដែលក្រុមហ៊ុនបានបិទ កាលពីបុណ្យភ្ជុំបិណ្ឌនេះ និងការស្នើសុំស្ថាបនាផ្លូវ លូ ស្តារប្រឡាយ តបណ្តាញទឹកស្អាតជាដើម។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ គឺពិតជាមានបញ្ហា ដោយគម្រោងខ្លះត្រូវខកខាន ឬពន្យាពេលដោយបញ្ហាសារជម្ងឺកូវីដ-១៩ តែរាល់សំណើនិងសំណូមពរខ្លះ របស់បងប្អូន មានមួយចំនួន គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ហើយយើងក៏តែងបានឲ្យមេភូមិ ចៅ សង្កាត់ ផ្សព្វផ្សាយពីគម្រោងរបស់ខណ្ឌ និងសង្កាត់ ដែលត្រូវអនុវត្តទាំងនោះ ឲ្យប្រជាពលរដ្ឋ បានជ្រាបផងដែរ។

ចំពោះការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដីពីក្រុមហ៊ុនឯកជន មកឲ្យប្រជាពលរដ្ឋ នៅភូមិក្រាំងស្លឹក សង្កាត់កន្តោក លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរគឺត្រូវដោះស្រាយជូន ប្រជាពលរដ្ឋហើយ យើងមិនបានព្រងើយកន្តើយឡើយ ។ កន្លងមកនេះយើងបានចុះពិនិត្យរួចហើយ គឺខាងក្រុមហ៊ុន ចង់ធ្វើប្លង់ទន់ ជូនប្រជាពលរដ្ឋ ដោយឲ្យអាជ្ញាធរខណ្ឌ ចុះហត្ថលេខាលើប្លង់ទន់នេះ ។ ប៉ុន្តែដោយដីទាំងនេះជាប្រភេទដី ដែលខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បញ្ជាក់ថា ជាប្រភេទដី មានប្លង់រឹង ទើបអាជ្ញាធរមិនចុះហត្ថលេខា លើប្លង់ទន់នេះជូន ព្រោះបើយើងចុះហត្ថលេខាគឹខុសច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាក្តីករណីនេះ អាជ្ញាធរខណ្ឌនឹងធ្វើការស្នើសុំ ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដោយមិនអស់ប្រាក់តែម្តង ដោយមិនបាច់ពឹងអ្នករត់ការ អស់លុយរាប់ពាន់នោះទេ ។
គួរឲ្យដឹងថា បើតាមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើ របស់ប្រជាពលរដ្ឋ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕









