ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរបស់ សហគមន៍ជនជាតិដើមភាគតិច ចំនួន១៦ ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក យ៉ង សែម ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា តំណាងជនជាតិដើមភាគតិច ចំនួន១៦អំបូរ បានបង្ហាញពីការគាំទ្រនូវការបង្កើតច្បាប់ថ្មី ដែលបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានយកចិត្តទុក ដាក់លើសំណើរបស់ពួកគេ ព្រមទាំងបានបញ្ចូលនូវធាតុចូល តាមការស្នើសុំរបស់ពួកគេ ទៅក្នុងសេចក្តីព្រាងច្បាប់ថ្មីថែមទៀត ។

លោក បានបន្តថា ទន្ទឹមនេះ ពួកគេនៅតែមានសំណូមពរសុំ ឲ្យបញ្ចូលចំណុចសេសសល់ និង សុំបន្ថែមចំណុចមួយចំនួនទៀត ដូចជាទី១. គួរមានមាត្រាជាក់លាក់មួយ ផ្ដល់នីតិសម្បទាដល់សហគមន៍ ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីស្របច្បាប់ ជានគរបាលយុត្តិធម៌, ទី២. គួរទទួលស្គាល់យន្តការ និងវិធានការប្រពៃណីរបស់ ជនជាតិដើមភាគតិចជាមុន មុនទៅដល់យន្តការ និងអនុវត្តទោសតាមច្បាប់រដ្ឋ ក្នុងការដោះស្រាយ និងដាក់ទោសទណ្ឌ និងទី៣. សេចក្តីព្រាងច្បាប់ថ្មី គួរពិចារណា និងផ្អែកទៅលើសេច ក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច និងអនុសញ្ញាលេខ១១១ ស្តីពីការរើសអើងក្នុងការងារនិងមុខរបរ ។

លោក យ៉ង សែម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណើទាំងនេះ ជនជាតិភាគតិចទាំង១៦អំបូរ បានអះអាងថា មិនមានអ្នកនៅពីក្រោយខ្នង ដើម្បីកេងចំណេញលើ បញ្ហានយោបាយនោះទេ ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបរៀងសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ក្នុងនោះមាន សេចក្តី ព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ដោយជនជាតិដើមភាគតិច បានស្នើបញ្ចូលធាតុចូល ចំនួន៨ ដែលភាគច្រើន បានបញ្ចូលទៅក្នុងមាត្រានានា នៃសេចក្តីព្រាងច្បាប់ទាំងពីរ ហើយ និងនៅសល់តែ៣ចំណុចប៉ុណ្ណោះ ៕
