ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់មិត្តចិនថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីក្រុមជនល្មើសប្រើប្រាស់ទឹកដីប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស តាមរយៈទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្នា។
ក្នុងពិធីទទួល មេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីប្រទេសចិន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយនេះ ដោយឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឱ្យព្រួយបារម្ភ។
សម្ដេច បន្តថា ទន្ទឹមនេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន បានផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត។
ពាក់ព័ន្ធនឹងនិន្នាការនៃបទល្មើសទាំងនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជាក៏ទទួលរងគ្រោះ ដោយសារក្រុមជនល្មើសជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស តាមរយៈការទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្នា នៅក្នុង និងក្រៅប្រទេសរបស់ខ្លួន ធ្វើការឆបោក និងអូសទាញជនរងគ្រោះឱ្យចូលមកប្រទេសកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្រោមការសន្យាក្លែងក្លាយនូវការងារដែលទទួលបានប្រាក់កម្រៃខ្ពស់»។
លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា «រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ»៕