ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរាជធានី ត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានី ឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ (Update) ប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឲ្យបានលឿន ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោល រាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែប្លង់គោល ប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ប៉ុណ្ណោះ មកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យថ្នាក់ខណ្ឌ បានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។
ក្នុងនោះលោក ឃួង ស្រេង ក៏បានណែនាំ ឲ្យភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេ ឲ្យបានច្បាស់លាស់ មុនផ្តល់ឲ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើង ទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។
លោកបានបន្តទៀតថា ខណ្ឌមួយចំនួន រៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលត្រូវសិក្សាពីប្លង់មេឲ្យបានច្បាស់ ។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានី ត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដី ជាប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឲ្យបានជាក់លាក់ លើប្លង់គោល ជៀសឲ្យបានពីការរំលោភ ទៅលើប្លង់គោល២០៣៥នេះ។
គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួន ហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូល នៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕