ភ្នំពេញ៖ បន្ទាប់ពីចូលរួមយ៉ាងសស្រាកសស្រាំ ជាមួយរាជរដ្ឋាភិបាល និងបំពេញកិច្ចការងារអទិភាព របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលសម្រេចតាមគោលដៅជាច្រើនកន្លងមក មកទល់ឆ្នាំ២០២២ ថ្នាក់ដឹកនាំសមាគម និងគណៈកម្មការតាមវិស័យ តាមផ្នែក នៅបន្តខិតខំពុះពារជំនះ រាល់ការលំបាកស្មុគស្មាគ ធ្វើសកម្មភាពរហូតទទួលបាន លទ្ធផលគួរឲ្យកត់សម្គាល់ ។
ក្នុងលទ្ធផលសម្រេចបានកន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក៏ទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំកំពូលៗផងដែរ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផល ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាភោជនីយដ្ឋាន The Terrace ខណ្ឌទួលគោក លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានសម្តែងនូវការកើតសរសើរ ចំពោះកិច្ចខិតខំរបស់សមាជិក សមាជិកាទាំងអស់ និងបន្តលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀត។
ក្នុងនោះលោកបណ្ឌិត សួន រិនឌី បានលើកឡើងថា “បើទោះបីមិនទាន់ធូរស្បើយទាំងស្រុង ពីជំងឺកូវីដ១៩ ប៉ុន្តែយើងត្រូវខិតខំបន្ថែមទៀត ។ យើងត្រូវរៀបចំកិច្ចការងាររបស់យើង ឲ្យបានម៉ត់ចត់ ដើម្បីជៀសវាងកំហុសឆ្គង និងត្រៀមរៀបចំ សម្រាប់ត្រៀមការបោះឆ្នោត នៅឆ្នាំ២០២៣” ។
លោកបណ្ឌិត សួន រិនឌី ក៏បានរំលឹកនូវជ័យជំនះ ចំពោះលទ្ធផលការបោះឆ្នោតឃុំសង្កាត់ នាពេលកន្លងមកនេះ ជាជ័យជំនះដ៏ធំធេញ និងជាទីមោទនៈ តែយ៉ាងណាក្តី លោកក៏នៅតែក្រឿនរំលឹក មិនត្រូវធ្វេសប្រហេសនោះដែរ ។
ជាមួយនឹងការអបអរសាទរពីថ្នាក់ដឹកនាំ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានលើកឡើងថា “ក្នុងដំណាក់កាលការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបថក្រោយកូវីដ១៩ ដោយផ្តើមចេញពីស្ថានភាពអំណោយផល និងបញ្ហាប្រឈម ហើយដោយឈរលើឆន្ទៈមោះមុត សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានដាក់ចេញទិសទៅការងារឆ្នាំ២០២៣ ១១ចំណុច ក្នុងការអនុវត្តជាបន្តបន្ទាប់” ។
ទិសដៅទាំង១១ចំណុចរួម៖ ១,ត្រៀមបូកសរុបលទ្ធផលការងារតាមវិស័យ ជំនាញរបស់សមាគម ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ២០២១-២០២៣ របស់សមាគម ។ ២,កែសម្រួលសមាសភាពរចនាសម្ព័ន្ធ ចាត់តាំងរបស់សមាគមតាមវិស័យ តាមផ្នែក ។ ៣,ធ្វើបច្ចុប្បន្នភាពសមាជិក និងពង្រីកបន្ថែមសមាជិក ទាំងរូបវន្តបុគ្គល-នីតិបុគ្គល ពិសេសអង្គការសមាគម និងវិស័យឯកជន សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។ ៤,រៀបចំឯកសណ្ឋាន របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមនានា ក្រោមរចនាសម្ព័ន្ធ តាមវិស័យតាមផ្នែកនីមួយៗ ដើម្បីពង្រឹងអត្តសញ្ញាណរៀបៗខ្លួន យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ជំនាញរបស់សមាជិក សមាគម ដើម្បីក្លាយជាកម្លាំងពិត ។ ៥,បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមវិស័យ តាមផ្នែក ដូចជាសុវត្ថិភាពចំណីអាហា មូលដ្ឋានគ្រឹងសម្រាប់អ្នកលក់ឱសថ ធុរកិច្ចទីផ្សារបណ្តាញ អភិវឌ្ឍដីធ្លី និងសំណង់អភិវឌ្ឍន៍កសិកម្ម និងបរិស្ថាន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។ល។ ៦,បើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមវិស័យតាមផ្នែកនីមួយៗ ។
៧,ផ្តល់អាហាររូបករណ៍ថ្នាក់បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត ។ ៨,ចូលរួមអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ៩,បន្តចូលរួមសហការ ជាមួយគណៈកលម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួអឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្ក្រាប ផលិតផលក្លែងក្លាយ និងខុសច្បាប់ដែលនាំឲ្យប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងពង្រឹងការការពារផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ដើម្បីទទួលបានផលិតផលមានស្តង់ដារពិតប្រាកដ ។ ១០,បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ ផ្សព្វផ្សាយអំពីអនាម័យ ការបង្ការចម្លងជំងឺឆ្លង និងជំងឺមិនឆ្លង ដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ។ ១១,ដើម្បីឆ្លើយតបនិងបដិវត្តឧស្សាហកម្ម ៤.០ ខិតខំជម្រុញអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយខិតខំប្រមូលផ្តុំ អ្នកជំនាញមកចងក្រង នងិសិក្សាឲ្យបានចេញគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល៕