ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្វែង រកអ្នកផ្ទុកមេរោគអេដស៍ បាត់មុខមិនទាន់ មកទទួលសេវា ព្យាបាលជាង ១ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យភាគី ពាក់ព័ន្ធត្រូវខិតខំថែមទៀត ក្នុងការស្វែង រកអ្នកផ្ទុកមេរោគអេដស៍ បាត់មុខមិនទាន់មកទទួលសេវាព្យាបាលប្រមាណ ១១ ០០០នាក់ ដើម្បីបញ្ចៀស កុំឱ្យមានការបោះបង់ការព្យាបាល របស់អ្នកផ្ទុកមេរោគ អេដស៍។

តាមរយៈសារលិខិត ចេញផ្សាយ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ត្រូវបានរាប់បញ្ចូល ក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុងទទួលបានការគាំពារសង្គម កាន់តែទូលំទូលាយ ។ ជាមួយគ្នានេះ អាជ្ញាធរជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ បានសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុង ការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលពុំទាន់ទទួល ការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣.៦១០នាក់ បានកំពុងទទួល ការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ក្នុងនោះ អ្នកផ្ទុកមេរោគេអដស៍ចំនួន ៦.៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិ សមធម៌ផងដែរ ។

សម្ដេចតេជោ បន្ដថា កម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្តូរ មុខមាត់កម្មវិធី អេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និង មានចីរភាព ។ សម្ដេច ថា កម្ពុជា បានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយ ដែល មុតស្រួចក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍គ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរ ជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ។

សម្ដេចតេជោ បញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែង រកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀស កុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបាន ជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយ សារសុវត្ថិភាព នៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬការធ្វើតេស្ត រកមេរោគអេដស៍ ដោយខ្លួនឯងជាដើម ៕

To Top