ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ គំរូភាពរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន

តាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ផ្តោតលើគំរូវីរភាពរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ ត្រូវបានបន្តផ្សព្វផ្សាយ នៅក្នុងវេទិកាផ្សេងៗ។

លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា គំរូភាពរបស់ចិនលើកកាត់បន្ថយភាពក្រីក្រ មិនមែនជួយតែប្រជាជនចិន ប៉ុន្តែជួយដល់ប្រជាជននៅលើពិភពលោកទាំងមូល ព្រោះថា តាមរយៈវីដេអូ បានបង្ហាញពីជំនួយរបស់ចិនសម្រាប់បណ្តាប្រទេសនានា ដូចជានៅអាស៊ី ដែលរួមមានទាំងកម្ពុជា និងជិតខាងកម្ពុជា ដូចជាឡាវ ជាដើម។

«ខ្ញុំផ្ទាល់ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅភូមិគំរូ ភូមិតានន ក្នុងឃុំដូង ក៏ខ្ញុំបានដឹង ហើយយើងឃើញថា មានការកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំង តាមរយៈការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ជារួម គំរូភាពនេះ បានន័យថា ប្រទេសចិនគឺជាគំរូមួយ ប៉ុន្តែប្រទេសផ្សេងៗទៀត ក៏អាចយកគំរូនេះ ទៅអភិវឌ្ឍន៍ តាមបែបផែន ឬក៏តម្រូវការជាក់ស្តែងរបស់ប្រទេសខ្លួននីមួយៗ ជាក់ស្តែង ដូចជាកម្ពុជា សម្រាប់ភូមិគំរូ តានន គឺផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែប្រជាពលរដ្ឋខ្មែរ នៅទីនោះ ភាគច្រើន ធ្វើការងាររោងចក្រ ដូច្នេះ ជាការសំខាន់ ដែលមានផ្លូវថ្នល់ ទឹក និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ គឺជួយកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់ហើយ»។

លោកស្រី បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនបែបនេះ អំឡុងសិក្ខាសាលាឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២២ ដោយពេលនោះ ក៏មានការចាក់ផ្សាយនូវខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ផ្តោតលើគំរូវីរភាពរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបជូនដែរថា ភូមិគំរូមិត្តភាពចិន-កម្ពុជា គឺជាភូមិគំរូដែលត្រូវបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ សម្រាប់ចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា។

ខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ នេះក៏ត្រូវបានចាក់ផ្សាយ នៅតាមបណ្តាខេត្តនានាផងដែរ នាពេលថ្មីៗនេះ ដូចជា នៅខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង ជាដើម។

ក្រោយពីបានចាក់ផ្សាយ នៅក្នុងភូមិសាស្ត្រមួយ នៃខេត្តបន្ទាយមានជ័យ ថ្មីៗនេះ លោកវរសេនីយ៍ទោ រស់ សារ៉ែន មេបញ្ជាការរង ការិយាល័យបញ្ជូនសារនៃបញ្ជាការដ្ឋានកងរថក្រោះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានស្ងើចសរសើរពីវីរភាពរបស់មិត្តចិនក្នុងការចូលរួមចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ស្តីពីការចាកផុតពីភាពក្រីក្រ នៅក្នុងប្រទេសចិនជូនដល់បណ្តាប្រទេសនានា រួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម។

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ដែរថា៖
«ខ្សែភាពយន្តនេះក៏បានបង្ហាញនូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរងើបចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាពកាន់តែប្រសើរ និងការបង្កើតមុខរបរនានាដែលជាពិសេសគំនិតនវានុវត្តនៃការប្រកបអាជីវកម្មOnline ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា»៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top