ព័ត៌មានជាតិ

សម្ដេច​តេជោ ​សង្ឃឹមថា ទ្រព្យសម្បត្តិដូនតាខ្មែរ នឹងបញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក ជា បន្តបន្ទាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញ​ក្ដី​សង្ឃឹមថា ទ្រព្យសម្បត្តិរបស់ដូនតាខ្មែរ នឹងបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពីគណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ កម្ពុជា បានបញ្ចូលជាបន្តបន្ទាប់ នូវសម្បត្តិដូនតាខ្មែរ ទៅក្នុងបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងសង្ឃឹមថា នឹងបញ្ចូលទៅទៀត នូវទ្រព្យសម្បត្តិដូនតាខ្មែររបស់យើង (ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក)»៕

To Top