ព័ត៌មានជាតិ

Update៖ អតីតប្រធានាធិបតីរុស្ស៊ី ព្រមានដល់អង្គការ NATO ដោយជំទាស់នឹងការផ្តល់ប្រព័ន្ធការពារ ដែនអាកាសដល់អ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានអង្គការ NATO ប្រឆាំងនឹងការផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់ប្រទេសអ៊ុយក្រែន ដោយបានបរិហារសម្ព័ន្ធមិត្តថា ជា “អង្គភាពឧក្រិដ្ឋកម្ម” សម្រាប់ការផ្តល់អាវុធ ដល់អ្វីដែលលោកហៅថា “របបជ្រុលនិយម” ។

លោក Medvedev ដែលធ្លាប់បានតាំងខ្លួនជាអ្នកធ្វើទំនើបកម្ម សេរីនិយមជាប្រធានាធិបតី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានលេចចេញជា រូបរាងកាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកគាំទ្រ ដ៏អាក្រក់បំផុតនៃសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន ដោយបង្ហោះការបរិហារលោកខាងលិច នៅលើបណ្តាញទំនាក់ទំនង សង្គមរបស់គាត់ ។

លោក Medvedev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “ប្រសិនបើដូច (អគ្គលេខាធិការអង្គការNATO ) លោក Jens Stoltenberg បានណែនាំ NATO ត្រូវផ្គត់ផ្គង់អ្នកនិយមជ្រុលអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធ Patriot រួមជាមួយបុគ្គលិក NATO នោះពួកគេនឹងក្លាយទៅជាគោលដៅ ស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធ របស់យើងភ្លាមៗ” ។

ករណីនេះមិនច្បាស់ទេពីសាររបស់គាត់ ថាតើ គាត់កំពុងសំដៅទៅលើប្រព័ន្ធ Patriot កងកម្លាំងអ៊ុយក្រែន ឬបុគ្គលិក NATO ដែលបានក្លាយជាគោលដៅ ។

លោកបានសរសេរ នៅក្នុងសារបង្ហោះមុននេះថា “ពិភពអរិយធម៌មិនត្រូវការអង្គការនេះទេ ។ អង្គការនេះត្រូវតែប្រែចិត្តចំពោះមនុស្សជាតិ ហើយត្រូវបានរំលាយជាអង្គភាពឧក្រិដ្ឋ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top