ភ្នំពេញ៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ត ទៅលើលក្ខខណ្ឌមួយចំនួន ក្នុងកិច្ចព្រមព្រៀងសម្បទាន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC)។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណា ឱ្យពង្រាងកិច្ចព្រមព្រៀងសម្បទាន (Concessional Agreement) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអាចអនុវត្តទៅបាន ដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះហត្ថលេខា តាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ៕