ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសុខាភិបាល

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១ ខែ​ធ្នូ​  ឆ្នាំ២០២២នេះ លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួន ពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ដ្រ អមវេជ្ជសាស្ដ្រ និងជំនួយវេជ្ជសាស្ដ្រ និងក្រមសីលសធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្ដល់សេវាសុខាភិបាល ជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

លោក រដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងន័យនេះ ក្រសួងសុខាភិបាល សូន ឯកឧត្តម-លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកផ្ដល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ដ្រ អមវេជ្ជសាស្ដ្រ និងជំនួយវេជ្ជសាស្ដ្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន»៕

To Top