ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជនបន្តឧបត្ថម្ភការដោះមីននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបញ្ចេញបន្ថែម៣០លានដុល្លារ

ភ្នំពេញ៖ ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវ ដល់សប្បុរសជនបន្ត ចូលរួមឧបត្ថម្ភ ទៅតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាល សម្រេចបញ្ចេញថវិកា៣០លានដុល្លារ បន្ថែមទៀត។

នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ បានសរសេយ៉ាំងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថវិកាចំនួន18,473,570ដុល្លារដែល ចេញពីព្រះរាជអំណោយរបស់ព្រះមហា ក្សត្រនិងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅ ត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ»។

សម្ដេចតេជោ បន្ថែមថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្ដេចបានពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរត្ឋ័ បញ្ចេញថវិកាសន្សំរបស់ រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារភ្លាម
ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្ដេចថា ថវិកានេះ រួមជាមួយថវិកាពីដៃគូរ អភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន គួសបញ្ជាក់ថា ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ ២០២៤ និង២០២៥អាជ្ញាធរមីន ត្រូវធ្វើការ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បី រៀបចំថវិកាប្រចាំឆ្នាំ។

ឆ្លៀងក្នុងឱកាសនេះ ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ ដីដោយសុវត្តិភាព និងដោយស្នាមញញឹម សម្ដេចតេជោ បានអំពាវនាវសប្បុរសជនមេត្តាបន្ត ចូលរួមឧបត្ថម្ភ ទៅតាមលទ្ធភាព។

សម្ដេចបន្ថែមថា សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាម ញញឹមបន្ទាប់ពីរងគ្រោះ ដោយគ្រាប់មីនរយៈពេល៥៥ឆ្នាំ(១៩៧០.២០២៥)៕


To Top