ព័ត៌មានជាតិ

អភិបាលរាជធានី​ភ្នំពេញ ​សង្ឃឹមថាអាស៊ានបន្តពង្រឹង ​និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រជាជាតិអាស៊ាន

ភ្នំពេញ៖ លោក​ ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) នាថ្ងៃទី២ ខែធ្នូ​ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង​​ មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ ហើយតាមរយៈលទ្ធផលនៃវេទិកានិងកិច្ចប្រជុំនេះ យើងនឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឲ្យកាន់តែមានប្រសិទ្ធភាព។

លោក​ ឃួង ស្រេង បន្តថា នៅក្នុងកាលៈទេសៈនេះ កិច្ចសហប្រតិបត្តិការតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមមានុវត្តន៍ជាមួយគ្នា គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឲ្យ យើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។

លោកអភិបាលរាជធានីភ្នពំពេញ បានបញ្ជាក់បន្ថែមថា ហេតុនេះហើយប្រធានបទសម្រាប់ កិច្ចប្រជុំទាំងពីររបស់យើងនាពេលនេះ គឺសុទ្ធសឹងតែផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាន គោលដីរយម ពោល​គឺការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា​។

សូមរំលឹកថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីដោះស្រាយបញ្ហាប្រឈមមកលើ ផលប្យោជន៍ទៅវិញទៅមកនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងស្វែងរក និងសម្រេចបានវិធីសាស្ត្រ និងភាពច្នៃប្រឌិតថ្មីៗ ឆ្ពោះទៅរកការកសាងទីក្រុង ប្រកបដោយភាពឆ្លាត មានភាពធន់ និងមានចីរភាព ។ ការណ៍នេះ នឹងរួមចំណែកដល់ការស្តារឡើងវិញ ឲ្យកាន់តែរឹងមាំ បន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ។

គួរបញ្ជាក់ថា រៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានីនៃបណ្តាប្រទេស ដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ខណៈវេទិកា AFM និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតិ ឲ្យបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានីខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយ អាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃ ការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩៕

To Top