ភ្នំពេញ ៖ លោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែបានជួយស្តារ កសាងសង្គមជាតិកម្ពុជា ឲ្យប្រែមុខមាត់ថ្មី លើឆាកអន្តរជាតិ ។
លោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង ក្នុងពិធីសំណេះសំណាល មិទ្ទិញអបអរសាទរ ខួបអនុស្សារីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។ ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំង ប្រជាពលរដ្ឋ នៅតាមជាយក្រុងដែលទើប និងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅ បានដោយបង្កបង្កើន ផលកសិកម្ម ។
លោកបន្តថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្ស នៃកម្លាំងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការ រំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្ស ទាំងមូល អាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍ ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលសហជីពកម្មករ សង្គ្រោះជាតិកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ។ ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាព ចេញពីបាតដៃទទេ កម្មករនិយោជិតទាំងចាស់ទាំងថ្មី ដោយមានការជួយឧបត្ថម្ភ និង គាំទ្រពីចលនាកម្មករ អន្តរជាតិជាមិត្ត ជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ច របស់ខ្លួនក្នុងចលនាស្នេហាជាតិ យ៉ាងសស្រាក់ សស្រាំ ទូទាំងប្រទេស ។ លើមូលដ្ឋាននេះ សហព័ន្ធសហជីពកម្ពុជា ក៏បានបំពេញតួនាទី និងពង្រីកសកម្មភាព របស់ខ្លួនធ្វើជា បង្អែកដ៏រឹងមាំ ដល់ចលនាកម្មករនិយោជិតក្នុងភារៈកិច្ចស្តារកសាងប្រទេសជាតិ ការស្វ័យដោះស្រាយ និងការលើកកម្ពស់ជីវភាព រស់នៅរបស់ខ្លួន ។ គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ផែនការជាតិជាច្រើនត្រូវបានអនុវត្តសម្រេចសមិទ្ធិផលធំៗជាស្នាដៃរួម របស់ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានកើតឡើង ជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ អប់រំ សុខាភិបាល ។ល។ ដែលជាសន្ទុះ និង សមិទ្ធិផលនៃស្នាដៃ ទាំងនោះបានរួមចំណែក ក្នុងជំហានរីកចំរើនរបស់មាតុភូមិកម្ពុជា យ៉ាងពិតប្រាកដ៕