ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារ ចលនាយុវជន ស្រុកព្រៃឈរ ទទួលបន្ទុកឃុំបារាយណ៍ និងឃុំថ្មពួន និងសហការីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញ សំណេះសំណាលជាមួយយុវជន គណបក្សក្នុងរចនាសម្ព័ន្ធឃុំបារាយណ៍ ចំនួន៦៩ នាក់ និងឃុំថ្មពួន ចំនួន៥៤នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹកដល់យុវជន ទាំងអស់ពីតួនាទីយុវជនបក្ស នៅក្នុងថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត ឱ្យប្អូនៗយុវជន បានជ្រួតជ្រាបបន្ថែម ។

លោកបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់ប្អូនៗយុវជនត្រូវបន្តការពារ នូវសមិទ្ធផលរបស់បក្ស ឱ្យនៅស្ថិតស្ថេរគង់វង្ស ។
បន្ថែមលើនេះ លោកបណ្ឌិត កៅ ថាច បានធ្វើការលើកយកពាក្យ អរគុណសន្តិភាព ដើម្បីធ្វើការពន្យល់អំពីមូលហេតុ បុព្វហេតុ និង ដើមចម ដែលមានពាក្យនេះ ដើម្បីជម្រាបជូនដល់បងប្អូនយុវជន ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច បានធ្វើការលើកយកលទ្ធផល នៃការបោះឆ្នោតឃុំ សង្កាត់ នាពេលកន្លងមក ក៏ដូចជា យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងកូវីដ១៩, ការអនុវត្តគោលនយោបាយការទូត របស់កម្ពុជា និងភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំអាស៊ាន នាពេលថ្មីៗ កន្លងទៅនេះ ដើម្បីជម្រាបជូន ដល់បងប្អូនយុវជនឱ្យបានដឹង និងធ្វើការស្វែង យល់បន្ថែមទៀតផងដែរ ។

លោកបណ្ឌិត កៅ ថាច បានស្នើឱ្យគណបក្ស ឃុំត្រូវរៀបចំផែនការ ដែលត្រូវអនុវត្តន៍ចំពោះមុខ មានដូចជាការរៀបចំ ក្រុមកីឡាឱ្យបានរៀបរយ ដើម្បីត្រៀមប្រកួតជាមួយបណ្តាឃុំផ្សេងៗ ក្នុងមូលដ្ឋានស្រុក ។ ចំពោះការងារបរិស្ថាន លោកស្នើសុំឱ្យមានផែនការ ដាំដុះដើមឈើ នៅតាម សាលារៀន វត្តអារាម ទីសាធារណៈជាដើម ដើម្បីលើកកំពស់ សម្រស់ និងបរិស្ថានស្អាត ក្នុងមួលដ្ឋានឃុំរបស់ខ្លួន ។ ម្យ៉ាងវិញទៀត លោកបណ្ឌិត បានស្នើសុំឱ្យ មានការ ធ្វើបច្ចុប្បន្នកម្មរចនា សម្ព័ន្ធក្រុមយុវជនឡើងវិញ ដើម្បីត្រៀម ការបោះឆ្នោតជាតិ ខាងមុខ និងស្នើគណបក្សឃុំធ្វើពិចារណា លើការរៀបចំកម្មវិធី ដែលមានលក្ខណៈពិសេសប្រចាំឃុំ ។ ឧទាហរណ៍ដូចជាការរៀបចំ បុណ្យចំបើង ឬកម្មវិធីផ្សេងៗ ។

លោកបណ្ឌិត បានបន្តលើកទឹកចិត្តឱ្យបងប្អូនយុវជន ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដោយក្នុងនោះត្រូវបន្តការសិក្សា ឬបន្ត ជំនាញវិជ្ជាជីវៈផ្សេងៗ ជាដើម។
ក្នុងនាមលោកបណ្ឌិត ហ៊ុន ម៉ាណែត លោកមបណ្ឌិត កៅ ថាច បានធ្វើការឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ជូនដល់គណបក្សឃុំទាំងពីរ និងបងប្អូនយុវជន ដែលមានវត្តមានផងដែរ ៕


