ព័ត៌មានជាតិ

អភិបាលខេត្ត ពោធិ៍សាត់ប្ដេជ្ញាដោះស្រាយ បញ្ហាប្រឈមជូន ប្រជាកសិករពាក់ព័ន្ធការខ្វះទឹក ឬសត្វល្អិតបំផ្លាញស្រូវ

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្ដេជ្ញាដោះស្រាយប្រឈម ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការខ្វះទឹក ឬសត្វល្អិត បំផ្លាញផលស្រូវ ខណៈការដាំដុះលើសផែនការគ្រោងទុក ដោយផែនការគឺ៥០០ហិកតា តែជាក់ស្តែងទាំងស្រូវប្រាំង និងវស្សាអនុវត្តន៍បាន១៥២០ហិកតា។

ក្នុងឱកាសដឹកនាំមន្រ្តីជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិអូរតូង, ភូមិលាវ, ភូមិកំពង់ស្វាយ និងភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ក្រោយពីទទួលបានស្រូវពូជ(OM5451) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក​ ខូយ​ រីដា​ បានលើកឡើងថា លោក មានចិត្តរីករាយ និងមានកម្លាំងចិត្តជាទីបំផុត ដែលបានឃើញ ទឹកមុខញញឹមញញែម ប្រកបដោយភាពកក់ក្តៅ របស់ប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវស្តារឡើងវិញ របស់សម្តេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា «នេះជាមោទនភាពមួយ របស់អ្នកខេត្តពោធិ៍សាត់ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា» ។

ក្នុងនាមរដ្ឋបាលខេត្ត និងជាអ្នកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ថ្នាក់ក្រោមជាតិ លោក ខូយ រីដា បានប្តេជ្ញាដោះស្រាយ ជូនបងប្អូនឲ្យបាន បើមានបញ្ហាប្រឈម ទាក់ទងនឹងការខ្វះទឹក ឬសត្វល្អិត បំផ្លាញផលស្រូវរបស់បងប្អូន។

ប្រជាកសិករ ក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ រួមទាំងលោកអភិបាលខេត្ត បានសម្តែងការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ពូជស្រូវ សម្រាប់ស្តារលទ្ធភាពឡើងវិញ ខណៈដែលកន្លងមកធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់ ហើយបច្ចុប្បន្ននេះផែនការដាំដុះដំណាំស្រូវស្តារឡើងវិញនោះ សម្រចបាន១០០%ហើយ នឹងកំពុងលូតលាស់ បានយ៉ាងល្អផងដែរ៕

To Top