ព័ត៌មានជាតិ

លោក កែវ រតនៈ ជំរុញក្រុមហ៊ុន ជប៉ុន ពិនិត្យលទ្ធភាពពង្រីករោងចក្រ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុក​ជាអគ្គ​នាយក​អគ្គិសនីកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Minebea Mitsumi ជប៉ុន ធ្វើការពិនិត្យលទ្ធភាព ក្នុងការពង្រីករោងចក្រ នៅក្នុងខេត្តពោធិ៍សាត់ ខណៈក្រុមហ៊ុននេះ បានបោះទុន វិនិយោគជាង ៦០០លានដុល្លារ នៅរាជធានីភ្នំពេញ។

ការជំរុញនេះ ធ្វើឡើង ក្នុងឱកាសដែលរូបលោក ដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន បំពេញទស្សនកិច្ច នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យលទ្ធភាព ក្នុងការពង្រីករោងចក្រ នៅក្នុងខេត្តនេះ។

ក្នុង​ឱកាសនោះ​ លោក កែវ រតនៈ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Minebea Mitsumi ជប៉ុន ដែលបានវិនិយោគរោងចក្រ នៅភ្នំពេញអស់ទុនជាង ៦០០លានដុល្លារ និងការគាំទ្ររបស់អគ្គិសនីកម្ពុជា ១១ឆ្នាំកន្លងទៅនេះ។

លោក កែវ រតនៈ បានគូសបញ្ជាក់ថា «ការរីកចម្រើន វិស័យថាមពល គឺជាការទាក់ទាញមួយ ដល់សហគមន៍ អ្នកវិនិយោគអន្តរជាតិ»។

ក្រុមហ៊ុនMinebea Mitsumi ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។

បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគ សរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក៕

To Top