ព័ត៌មានជាតិ

ទឹកចិត្ត​ម្ដាយ! ស្រ្តីក្រីក្រវ័យ៥៦ឆ្នាំ ស្ពាយទឹកមួយដប​ បាយមួយប្រអប់​ តស៊ូ​ប្រឡងបាក់ឌុបដើម្បីចង់បានការងារចិញ្ចឹមកូន៤នាក់

ភ្នំពេញ៖ ស្រ្តីក្រីក្រវ័យ៥៦ឆ្នាំម្នាក់ នៅខេត្តបន្ទាយមានជ័យ បានធ្វើការតស៊ូប្ដូរផ្ដាច់មកប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) ដើម្បីបំពេញក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនយកលុយមកចិញ្ចឹមកូន ៤នាក់។

យោងតាមគណនីហ្វេសប៊ុក របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានឱ្យដឹងថា នៅក្នុងមណ្ឌលប្រឡង នៃ វិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងវ័យ៥៦ឆ្នាំ ម្នាក់ បានមកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ (បាក់ឌុប)។

បើតាមការសម្ភាសន៍សាកសួរ ពីសំណាក់មន្រ្តី អ.ប.ព ជាមួយស្រ្តីខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

«អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្តាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ។ ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយ យកសញ្ញាបត្រ ធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀន បានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកំលាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប ។ ខ្ញុំក៏សួរបន្តថាម្ដាយមកពីណាគាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង មានភារកិច្ចចិញ្ចឹមកូន៤នាក់ បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់ ។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់» ៕

To Top