ព័ត៌មានជាតិ

ទូតជប៉ុន៖ បើគ្មានការប្រឹងប្រែងពីកម្ពុជា ស្ថានភាពនៅមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ

ភ្នំពេញ​៖ បន្ថែមលើការកោតសរសើរ កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា  បើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំង ជាងនេះ។

ការលើកឡើងរបស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ  បែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសដែលលោក បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ  ។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងចំពោះការគាំទ្ររបស់ជប៉ុន ដល់ការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ របស់កម្ពុជា។

លោក ម៉ាសាហ៊ីរ៉ូ បានកោតសរសើរ ចំពោះការធ្វើជាប្រធានអាស៊ាន ប្រកបដោយជោគជ័យរបស់កម្ពុជា ជាពិសេស ចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធានកិច្ចប្រជុំ ដែលបាននាំមកនូវលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេស អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។

លោក ក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា «បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ»។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ជប៉ុនចំពោះការគាំទ្រយ៉ាងសំខា ន់ដល់ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា។

To Top