បច្ចេកវិទ្យា

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី​ “តេជោ” ទទួលបានជ័យលាភីនៃពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ២០២២

ភ្នំពេញ៖ អបអរសាទរដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ទទួលបានពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Award 2022) រៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងសិក្សាស្រាវជ្រាវ លើបច្ចេកវិទ្យា ទាញយកអក្សរខ្មែរពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបម្រើដល់មុខងារក្នុងប្រព័ន្ធ សម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល CamDigiKey ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១។ ការងារស្រាវជ្រាវនេះធ្វើឡើងថ្មីទាំងស្រុងដោយក្រុមការងារបញ្ញាសប្បនិម្មិតរបស់មជ្ឈមណ្ឌល ដោយប្រើប្រាស់បច្ចេកវិទ្យា Deep Learning ដើម្បីបង្រៀនកុំព្យូទ័រឲ្យស្គាល់សណ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទៅលើពាក្យ និងបណ្តុំពាក្យខ្មែរចំនួនជាង ៣ លាន ។ យើងបានធ្វើការប្រៀបធៀបភាពត្រឹមត្រូវនៃការស្គាល់អក្សរខ្មែរជាមួយ Google Tesseract ។ ជាលទ្ធផល, ការស្រាវជ្រាវរបស់យើងទទួលបានកំហុសតិចតួចបំផុតក្នុងការសម្គាល់ តួអក្សរខ្មែរនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ធៀបនឹង Google Tesseract។

ក្រោយឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់របស់គណៈកម្មការ ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២២ មក, ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ច “តេជោ” ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) នៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Award 2022)  រៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេក- វិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

សមិទ្ធផលនេះមិនមែនគ្រាន់តែជាការងារស្រាវជ្រាវតែប៉ុណ្ណោះទេ គឺមជ្ឈមណ្ឌលបានយកការងារនេះមកដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយឥតគិតថ្លៃលើគេហទំព័រ https://ocr-dev.techostartup.center/ ជូនដល់សាធារណជន វិស័យសាធារណៈ និងវិស័យឯកជនដែលមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យានេះ។ ក្នុងន័យកែលម្អបន្ថែមនូវការសិក្សាស្រាវជ្រាវនេះ និងជំរុញនវានុវត្តន៍តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល ឲ្យបានទូលំទូលាយ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” លើកទឹកចិត្តដល់គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនផ្តល់សេវា ទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីធឺណិត និងក្រុមហ៊ុនឯកជនទាំងអស់ ចូលរួមប្រើប្រាស់ និងផ្តល់ធាតុចូល លើការកែលម្អការងារនេះឲ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះជាពានរង្វាន់ទី ២ ហើយដែលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី​ “តេជោ” ទទួលបាន បន្ទាប់ពីជ័យលាភី Open Source Adaptation of the Year របស់ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា​ (CamDX) ដែលទើបទទួលបានកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២។​ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានដាក់ដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៩ ដើម្បីសិក្សាស្រាវជ្រាវទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ ផ្ដល់ការគាំទ្រនានាដល់ធុរកិច្ចថ្មី សំដៅធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា មានភាពរស់រវើក៕

To Top