ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មមានគុណភាព និងមានតម្លៃសមរម្យមកចែកចាយនៅកម្ពុជា។
យោងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្ម»។
ក្រសួង នឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។
លេីសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួមគាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ៕