ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ព្រឹទ្ធសភា បានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភាកម្ពុជា បានបន្តសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដោយសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៧រូប។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតី បន្ទាប់ពីរាជរដ្ឋាភិបាល ទទួលបានជោគជ័យដ៏ត្រចះ-ត្រចង់ ក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងផល ប៉ះពាល់ពីវិបត្តិជំងឺនេះ បានយ៉ាងល្អ ទាំងការការពារសុខភាព សាធារណៈ ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងការធានាទ្រទ្រង់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកម្ពុជា បើកប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២១ និងបានធ្វើឱ្យសកម្មភាព សង្គម-សេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមវិលត្រឡប់ទៅ រកប្រក្រតីភាពឡើងវិញ ។
លើសពីនេះ ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះ ទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពិសេសការបន្តអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។
នាឱកាសនោះដែរ ព្រឹទ្ធសភា ក៏បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ព្រមទាំងឯកភាព ទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ៖ ១-ពិធីសារទាក់ទង នឹងការធ្វើវិសោធនកម្ម អនុសញ្ញា ស្តីពីអាកាស ចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន ,២-ពិធីសារទាក់ទងនឹងការ ធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ ,៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម មាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ៕