ព័ត៌មានជាតិ

ផ្លូវខេត្តលេខ ១៤៦បេ និង១៤៨ នៅខេត្ត​ព្រះសីហនុ​ គ្រោងសម្ពោធ ឱ្យប្រើប្រាស់ នាថ្ងៃទី២២ ធ្នូ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវខេត្តលេខ ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញដឹក នាំកិច្ចប្រជុំគណៈកម្មការ សម្រាប់ត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ និង ផ្លូវខេត្តលេខ១៤៨ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បី ធ្វើការបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកា នៃគណៈកម្មាការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំពិធីសម្ពោធ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និង សម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារ ទៅតាមបំណែងចែកការងារ ដែលមានចែងនៅក្នុង លិខិតបង្គាប់ការ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានធ្វើការផ្តាំផ្ញើរដល់ អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top