ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានឱ្យដឹងថា ក្រោយចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ ជាបន្ដបន្ទាប់របស់តំបន់សមុទ្រកម្ពុជា។
ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និងបានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក២ អាណត្តិ ជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹបរហូតមកដល់បច្ចុប្បន្ន។
សម្ដេចតេជោ បានថ្លែងថា «ក្នុងន័យនេះ ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថានដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទី យ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ»។
សម្ដេចតេជោ បន្ដថា ឈរលើកត្តាអំណោផលទាំងអស់នេះ និងក្រោមចក្ខុវិស័យហ្មត់ចត់, វែងឆ្ងាយ, ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណជាង ៣០០លានដុល្លារ។
សូមរំលឹកថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕