ភ្នំពេញ: លោក សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា នៅផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដែលស្ថិតនៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
ហ្ចេសប៊ុកគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ១០ ខែធ្នូនេះ ថា លោក សួស យ៉ារ៉ា បានស្វាគមន៏លោក Wu Chuanbing មកទស្សនាផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងវាយតម្លៃខ្ពស់ចំពោះមិត្តចិនដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈ ដើម្បីឱ្យផ្ទះយុវជននេះ ក្លាយជាកម្លាំងចលករថ្មីមួយទៀតក្នុងការរួមចំណែកជម្រុញទំនាក់ទំនងបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក ក៏បានរំលឹកពីការយកចិត្តទុកដាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលគណបក្ស ប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរយុវជនកម្ពុជា-ចិន និងដំណើរការនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងលើកទឹកចិត្តដល់ក្រុមការងារផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ឱ្យពង្រឹងនិងពង្រីកសកម្មភាពនិងកម្មវិធីផ្លាស់ប្តូយុវជន សំដៅបង្កើនការយោគយល់គ្នា ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងយុវជនប្រទេសទាំងពីរថែមមួយកម្រិតទៀត។
លោក Wu Chuanbing បានរំលឹកនូវអនុស្សាវរីយ៍ដ៏ល្អនិងមានសារៈសំខាន់ដែលលោកសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ លោកបានមានប្រសាសន៍ថា លោកនឹងសហការយ៉ាងជិតស្និទ្ធិជាមួយ ឯកឧត្តម សួស យ៉ារ៉ា និងក្រុមការងារនៃផ្ទះ យុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដើម្បីចូលរួមជំរុញផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនឱ្យក្លាយទៅជាកន្លែងដ៏សំខាន់មួយសម្រាប់យុវជនចិន-កម្ពុជា ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ សូមជូនពរឱ្យយុវជននៃប្រទេសទាំងពីរក្លាយទៅជាអ្នកចូលរូមដ៏រឹងមាំនៃកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជា និងជាអ្នកបន្តវេនថែរក្សា និងលើកកម្ពស់មិត្តភាពដែកថែបកម្ពុជា-ចិន៕