ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំវិស័យព្រះពុទ្ធសាសនា ឲ្យចេះប្រើបច្ចេកវិទ្យា ព្រោះកម្ពុជា មានបញ្ហាប្រឈម បង្កឡើងដោយបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្ដេច ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់វិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឲ្យច្បាស់ និងចេះប្រើប្រាស់បច្ចេកវិទ្យា ព្រោះកម្ពុជា ក៏នៅមានបញ្ហាប្រឈមមួយចំនួន បង្កឡើងដោយសារបច្ចេកវិទ្យាទំនើបនេះ។

នាឱកាសអញ្ជើញ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣០ ប្រចាំឆ្នាំ ២០២២ សម្ដេច ស ខេង បានថ្លែងថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាច្រើន នៅជំវិញពិភពលោក បន្តរឹតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ច ផ្លូវការជាបន្តបន្ទាប់ ។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនទាំងនេះ សម្ដេច អះអាងថា «កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើម ហើយវិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឲ្យច្បាស់ ហើយចេះប្រើប្រាស់ ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញ យកប្រយោជន៍ពីបច្ចេកវិទ្យា តាមរយៈការធ្វើសកម្ម ភាពផ្សព្វផ្សាយទ្រឹស្តី និងអប់រំពុទ្ធសាសនិកជន ឲ្យប្រតិបត្តិតាមគន្លង នៃសាសនានិងឲ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា ដោយអនុវត្តតាមការណែនាំ របស់អាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់»។

នាឱកាសនោះ នាយករដ្ឋមន្ត្រីស្ដីទី ក៏បានអំពាវនាវថ្នាក់ ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ បន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា។

សម្ដេច បន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះ មានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរព ប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្ត លើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅ ឲ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍ សង្គមជាតិ លើគ្រប់វិស័យ៕

To Top