ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈចំនួន២០០រូប លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជាបានប្រសាសថា ទំនើបកម្មសង្គមនិយម តាមបែបផែនចិនគឺជា ការទំនើបកម្មសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន វាមិនត្រឹមតែមានលក្ខណៈទូទៅនៃទំនើបកម្មតាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្អែកទៅលើលក្ខណៈជាតិរបស់ចិនផងដែរ។
ទំនើបកម្មនេះបានពង្រីកមាគ៌ារីកចម្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្ម ផ្តល់ជម្រើសថ្មីសម្រាប់ប្រទេស និងប្រជាជាតិនានាក្នុងពិភពលោក ដែលចង់ពន្លឿនការអភិវឌ្ឍ និងរក្សាឯករាជ្យភាពរបស់ពួកគេ ហើយក៏ជាការរួមចំណែកដ៏សកម្ម និងសំខាន់របស់ចិននៅក្នុងការចូលរួមដោះស្រាយ បញ្ហានានារបស់មនុស្សជាតិផងដែរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនបានរំលេច យ៉ាងច្បាស់ពីខ្លឹមសារនៃទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ដោយផ្តោតលើជីវភាពរស់នៅ និងសុខដុមនីយកម្មរបស់ ប្រជាជនជាអាទិភាព។ លោកបណ្ឌិតក៏បានផ្តល់នូវទឡ្ហីករណ៍ ដោយដកប្រសាសន៍របស់ លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានពោលថា «ស្រឡាញ់ប្រជាជនដូចជា លោកស្រឡាញ់ឳពុកម្តាយរបស់ខ្លួនអញ្ចឹង» ហើយជាលទ្ធផលការប្រយុទ្ធប្រឆាំង ចុងក្រោយរបស់ចិននឹងភាពក្រីក្រ បានទទួលជ័យជម្នះពេញលេញ បើទោះបីជាមានការលំបាកខ្លាំងក្នុង ការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីត-១៩ក៏ដោយ ។
ប្រទេសចិនសម្រេចបាននូវការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដដែលចំនួនអ្នកឆ្លង ចំនួនអ្នកជំងឺធ្ងន់ធ្ងរ និងចំនួនការស្លាប់រក្សាបានក្នុងកម្រិតទាប។ នៅលើមូលដ្ឋានដ៏រឹងមាំនេះ ដែលសម្រេចបាននាពេលកន្លងមក ប្រទេសចិនបាននិងកំពុងបន្តសរសេរ ទំព័រប្រវត្តិសាស្រ្តថ្មីក្នុងការកសាង ប្រទេសសង្គមនិយមទំនើបកម្មដ៏ពេញលេញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលបានរចនាប្រទេសចិនទៅជា ប្រទេសដែលពោរពេញដោយ សុខសន្តិភាពយូរអង្វែង។
សមាជបក្សកុម្មុយនិស្តចិន លើកទី២០ បានគូសរំលេចបន្ថែមទៀតថា ចិនជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើ គោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំ កម្លាំងក្នុងការកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ ដោយផ្តោតលើកំណើនសេដ្ឋកិច្ច។ ដោយផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ Xi Jinping៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ លោកបណ្ឌិតថ្លែងដោយឥតលាក់លៀមថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិន មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ ប្រជាជនចិនទទួលបាននូវ ជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំកាន់តែធំ នៃនំខេកជូនដល់មនុស្សជាតិទូទៅ។
ក្នុងនាមឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ លោកបណ្ឌិត ជីង ឆោមមុន្នី សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានគូសរំលេចនូវសមិទ្ធផល នៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិនដោយផ្តល់ឧទាហរណ៍ បញ្ជាក់ពីការជួសជុលប្រាសាទតាកែវ និងបណ្តាប្រាង្គប្រាសាទនានា នៅខេត្តសៀមរាប ការចូលរួមលើកទឹកចិត្តដល់វិនិយោគិន ទេសចរជនជាតិចិនកាន់តែច្រើន មកចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា គឺជាសក្ខីភាពដែលឥតប្រកែក បាននូវកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសចិនក្នុងការជំរុញការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិ។
ដោយឡែកតាមរយៈអង្គបាឋកថានាថ្ងៃនេះ លោកបណ្ឌិតក៏បានយល់ដឹងយ៉ាងច្បាស់ និងកាន់តែស៊ីជម្រៅពីទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ក្នុងជំហានប្រកបដោយទំនុកចិត្ត ឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំ ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយម ទំនើបកម្មដ៏ពេញលេញ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)