ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការ គួរសមជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិ បេសកកម្មការទូត នាពេលឆាប់ៗខាងមុខ ។
ក្នុងជំនួបនេះភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាព ជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development, CAP RED) Program។
នាឱកាសនោះ លោកឯកអគ្គរាជទូតអូស្រ្តាលី បានជម្រាបថា កម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិ ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លានដុល្លារអាមេរិក) សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧។
កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន។
ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលអន្តរកាលនេះ ។
ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ ជាពិសេសតាមរយៈកិច្ចខិតខំ របស់លោកឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខា លើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ ។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោល សម្រាប់រៀបចំយន្តការជាក់ស្ដែង ដើម្បីឈានដល់ការអនុវត្ត ប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួម នៃការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕