ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញពិសាអាហារ ពេលព្រឹកជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ នាឱកាសស្នាក់នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។
លើសពីនេះ កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថា នឹងផ្តោតការពិភាក្សាទៅលើ វិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។
អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន នឹងត្រូវបានរៀបចំឡើង រួមមាន៖ អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរ កិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា ៕