ព័ត៌មានជាតិ

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងបញ្ចប់ការសិក្សានាចុងខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ កិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាលទ្ធភាព លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មុននឹងបញ្ចប់ការសិក្សានេះនៅចុងខែមករា ឆ្នាំ២០២៣ និងដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេច។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បាននិងកំពុងសិក្សាលម្អិតដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តគម្រោងសិក្សា ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ រហូតទទួលបានលទ្ធផលល្អ និងច្បាស់លាស់ជាច្រើន។
លោកទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួនដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមាន ការប៉ះពាល់ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារ បច្ចេកទេសរបស់ក្រសួង ត្រូវធ្វើការសហការជាមួយ អគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណលើតម្លៃបឋម នៃទំហំផលប៉ះពាល់របស់គម្រោងនេះ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សានាពេលបន្ទាប់។

គូសបញ្ជាក់ថា រហូតមកដល់ពេលនេះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់ លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយក ចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ ដោយសារការអភិវឌ្ឍនៃគម្រោងនេះ។

សូមរំលឹកថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណង ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការ ចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធ ជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្ម ផ្ទៃក្នុងប្រទេជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកានត់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

To Top