នយោបាយ

សម្តេចតេជោ ហ៊ុន សែន បង្ហើបប្រាប់ប្រធានាធិបតីបារាំង ពីការរកឃើញរូបសំណាកមិត្តភាព កម្ពុជា-បារាំង និងគ្រោងសាងសង់ឡើងវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហើបប្រាប់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពីការរកឃើញ រូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់ រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ ។

ក្នុងសន្និសីទព័ត៌មានរួមគ្នាជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ ប្រទេសបារាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបសំណាកនេះត្រូវបានប្រទះឃើញ ៣ថ្ងៃមុន ដំណើរទៅកាន់ប្រទេសបារាំង ។ រូបសំណាកនេះ ត្រូវបានសាងសង់ ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហម វាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «យល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូប សំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាព រវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង ។ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ»៕

To Top